ពត៌មានជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារអរគុណកងកម្លាំងគ្រប់ប្រភេទ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។
ការថ្លែងអំណរគុណនេះ បន្ទាប់ពីកងកម្លាំងបានពង្រាយកម្លាំងទប់ស្កាត់ជោគជ័យចំពោះសកម្មភាពប៉ុនប៉ងបាតុកម្មទាមទាររដ្ឋាភិបាលដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV DTA) នៅថ្ងៃទី១៨ ខែសីហា ក្រោមការបំផុសចលនាពីក្រុមប្រឆាំងនៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត បាននិយាយថា៖ «រដ្ឋាភិបាលមានកាតព្វកិច្ចធានាសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូបទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជននិងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ។ ដូច្នេះរដ្ឋាភិបាលមិនអនុញ្ញាតជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាពនិងបង្កចលាចលសង្គមបានឡើយ»។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បាននិយាយថា ថ្នាក់ដឹកនាំតែងតែកោតសរសើររាល់ពេលការអនុវត្តការងារជោគជ័យតាមបទបញ្ជា គឺជាការលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានាដែលបានប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវ។
លោកបន្ថែមថា ការពង្រាយកម្លាំងទប់ស្កាត់បាតុភាពដែលបំផុសបំផុលដោយក្រុមប្រឆាំងពីក្រៅប្រទេស គឺពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ដូច្នេះការរួបរួមគ្នាទប់ស្កាត់បានល្អ ប្រជាពលរដ្ឋក៏សប្បាយចិត្តដោយសារប្រទេសកម្ពុជាធ្លាប់មានបទពិសោធឆ្លងកាត់សង្គ្រាមយ៉ាងវេទនា។
លោកនិយាយថា៖ «យើងមិនអាចធ្វេសប្រហែលបានទេចំពោះរឿងនេះ ព្រោះប្រសិនបើរឿងនេះផ្ទុះឡើងពិតមែនប្រាកដជានាំគ្នាបន្ទោសរដ្ឋាភិបាលជាមិនខាន»។
លោកបន្ថែមថា ក្រោយពីផែនការក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុលប្រជាជនធ្វើបាតុកម្មបរាជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកក្នុងភូមិសាស្ត្រខេត្តតាកែវបានបន្ថយកម្លាំងទៅថែរក្សាសន្តិសុខតាមគោលដៅផ្សេងៗដូចដើមវិញ។
លោក សាន្ត សុខ ជំនួយការបុគ្គលិករដ្ឋបាលនៅកងពលធំអន្តរាគមន៍លេខ២ បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យពលអន្តរាគមន៍លេខ២បានត្រៀមកម្លាំងចូលរួមបង្ក្រាបភាពចលាចលដែលកើតចេញពីការបំផុសបំផុសរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។
លោកថា ការទប់ស្កាត់ផែនការបាតុកម្មនេះជំហានដំបូង គឺកងកម្លាំងនគរបាលជាតិ ជំហានបន្ទាប់កងកម្លាំងរាជអាវុធហត្ថ និងចុងក្រោយអាចនឹងកងយោធពលខេមរភូមិន្ទ៕