ក្រុមហ៊ុនចិនធំៗចំនួន១២ ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា

 ពត៌មានជាតិ

ក្រុមហ៊ុនចិនធំៗចំនួន១២ ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា


កាលពីថ្ងៃអង្គារ ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ មកពីសាធារណៈរដ្ឋប្រជាមានិតចិន បានសម្តែងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

នេះត្រូវបានលើកឡើងដោយលោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។

លោក Zhao បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគធំៗចំនួន១២មកពីសាធារណៈរដ្ឋប្រជាមានិតចិន។

សេចក្តីប្រកាសព័ត៌មានបានអោយដឹងថា លោកបានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។

លោកបានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគចំនួន ១២ នៅកម្ពុជា គឺដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យដែលមានសក្តានុពលដូចជា ថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម-ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំង ១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកបានបន្តថា “វិស័យសក្តានុពលដែលគណៈប្រតិភូចិនចាប់អារម្មណ៍ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយវិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុនវិនិយោគ។

លោកក៏បានគូសរំលេចអំពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល។

ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា។

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបជាមួយគណៈប្រតិភូធុរកិច្ចចិនមកពីទីក្រុង Shantou ខេត្ត Guangdong ប្រទេសចិន ហើយបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ពាណិជ្ជករចិនក្នុងការវិនិយោគនៅក្នុងប្រទេស។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនឈានដល់ ៧,៣១ ពាន់លានដុល្លារនៅចន្លោះខែមករាដល់ខែមិថុនាឆ្នាំនេះ ពោលគឺកើនឡើង ១៨,៨ ភាគរយពី ៦,១៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Post a Comment

Previous Post Next Post

Recent in Technology