ពត៌មានជាតិ
លោក ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈអ្នកនាំពាក្យខុទ្ទកាល័យបានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធទាំងស្រុងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង។
ការចេញសេចក្ដីប្រកាសបដិសេធខាងលើនេះ បន្ទាប់ពីគណនីឈ្មោះ BongBunna Chaiheng បានសរសេរជាមតិនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ស ខេង ថា៖ «សម្តេច ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានាពេលខាងមុខ បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរ នឹងចង់ឃើញខ្មែររួបរួមគ្នាតែមួយ»។
ដោយឡែកគណនីមានឈ្មោះ Bunthoeun សរសេរថា៖«BongBunna Chaiheng ខ្ញុំគាំទ្រ សម្តេចក្រឡាហោម (ស ខេង) ជានាយករដ្ឋមន្ត្រី ១០០ភាគរយ»។
កាលពីម្សិលមិញអ្នកនាំពាក្យខុទ្ទកាល័យលោក ស ខេង ប្រកាសព័ត៌មានមានថា កាលពីពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាន និងជាមតិនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ស ខេង ថាលោក ស ខេង នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ និងប្រកាសគាំទ្រលោក ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
អ្នកនាំពាក្យខុទ្ទកាល័យលោក ស ខេង បានបដិសេធមតិខាងលើនេះ និងបញ្ជាក់ថា លោក ស ខេង ជាបុគ្គលម្នាក់ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយជាង៥០ឆ្នាំ ក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះមានអាយុច្រើន និងចង់ទុកពេលវេលាសម្រាកដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។
អ្នកនាំពាក្យបន្តថា ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ លោក ស ខេង ក៏បាន បញ្ជាក់រួចមកហើយថា លោកនៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានគណបក្ស។
អ្នកនាំពាក្យបញ្ជាក់ថា លោក ស ខេង នៅតែបន្តជួយគាំទ្ររដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយ ដែលបានដាក់ចេញក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនឹងគាំទ្រសម្រាប់អាណត្តិខាងមុខៗជាបន្តទៀត។
លោក យ៉ង ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា ការប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោក ស ខេង គឺជាការបញ្ជាក់គោលជំហរម្ដងទៀតឱ្យកាន់តែច្បាស់របស់គណបក្សប្រជាជនកម្ពុជា។ មានន័យថា គណបក្សបានសម្រេចរួចហើយក្នុងមហាសន្និបាត ក៏ដូចជាគណៈអចិន្ត្រៃយ៍ពាក់ព័ន្ធនឹងមុខតំណែងកំពូលក្នុងជួររដ្ឋាភិបាល និងមុខតំណែងជានាយករដ្ឋមន្ត្រី។
លោកបន្ថែមថា ចំពោះការប្រកាសគាំទ្រលោក ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្រមួយដែលដៃគូប្រឆាំងធ្លាប់ធ្វើមកលើគណបក្សប្រជាជនកម្ពុជា ហើយលោក ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ដែរថា គ្មានភាគីណាមួយអាចផ្ដួលគណបក្សប្រជាជនកម្ពុជាបានទេ លុះត្រាតែគណបក្សប្រជាជនកម្ពុជា ជាអ្នកផ្ដួលរលំខ្លួនឯង។
លោក យ៉ង ពៅ បញ្ជាក់ថា៖ «ប្រជាពលរដ្ឋគាំទ្របុគ្គលណាមួយមិនមែនជាបញ្ហាទេ ប៉ុន្តែការគាំទ្រនោះអាចមានចរន្តរបៀបវារៈនយោបាយរបស់ជនទី៣ ឬដៃគូប្រឆាំង ដែលមានបំណងបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាជំងឺលាប់មួយនៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដែលនាំដល់ការបែកបាក់ និងមានបញ្ហាផ្សេងៗទៀត»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាជន គួរតែបានជ្រាបនូវទស្សនវិស័យ យុទ្ធសាស្ត្រ និងការចាត់ចែងរបស់គណបក្សដែលបានសម្រេចរួចមកហើយ។
បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា គួរតែពង្រឹងផ្ទៃក្នុងឱ្យបានកាន់តែរឹងមាំ និងកាន់តែមានប្រសិទ្ធភាព នោះនឹងមិនភ័យបារម្ភពីការលូកដៃដើម្បីបំបែកបំបាក់ពីដៃគូផ្សេងៗឡើយ។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ស ខេង ចេញសេចក្ដីថ្លែងការណ៍ថា ក្នុងដំណើរវិវត្តនៃនយោបាយកម្ពុជាពីមួយដំណាក់កាលទៅមួយដំណាក់កាល មជ្ឈដ្ឋានប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយដោយព្យាយាមប្រឌិដ្ឋព្រឹត្តិការណ៍នានា ដើម្បីទាញការចាប់អារម្មណ៍ និងធ្វើប្រជាភិថុតលើបញ្ហាផ្សេង។
លោកបន្ថែមថា បញ្ហាដែលមជ្ឈដ្ឋានប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយ គឺមានដូចជាបញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស បញ្ហាសិទ្ធិការងារ បញ្ហាសហជីព និងអង្គការសង្គមស៊ីវិល ក្នុងគោលដៅបង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕