ពត៌មានជាតិ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ សម្រាប់គណៈកម្មការរអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលមានការចូលរួមពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនៅក្រសួងកាលពីថ្ងៃអង្គារ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កិច្ចប្រជុំនេះមានគោលបំណងប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។
គួររំលឹកផងដែរថា “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងរបស់គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជាអាទិភាពមួយរបស់ប្រទេសសម្រាប់ដំណាំកសិឧស្សាហកម្ម។
គោលនយោបាយនេះត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំមុនក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ដោយមាន១០៦ ទំព័រ គោលនយោបាយថ្មីនេះមានគោលបំណងអភិវឌ្ឍផលិតកម្មស្វាយចន្ទី កែច្នៃ និងទីផ្សារឱ្យកាន់តែមានការប្រកួតប្រជែង ដើម្បីធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកក្នុងពេលដ៏ខ្លីខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា កម្ពុជាកំពុងព្យាយាមធ្វើអោយខ្លួនក្លាយជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេ តាមរយៈគោលនយោបាយជាតិរបស់ខ្លួនស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧។ រដ្ឋាភិបាលមានគោលបំណងជំរុញទិន្នផលស្វាយចន្ទី អភិវឌ្ឍកន្លែងកែច្នៃ ធ្វើពិពិធកម្មទីផ្សារនាំចេញ និងសម្រួលកម្មវិធីសម្រួលពាណិជ្ជកម្ម។
តាមរយៈការអនុវត្តគោលនយោបាយនេះ សមត្ថភាពកែច្នៃរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី៥ ភាគរយទៅ២៥ ភាគរយនៅឆ្នាំ២០២៧ និងយ៉ាងតិចណាស់៥០ ភាគរយនៅឆ្នាំ២០៣២។
ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជាទាមទារការវិនិយោគបន្ថែមប្រហែល ៣២៩ លានដុល្លារ ដើម្បីអនុវត្តតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមរបាយការណ៍របស់សមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជា (CAC) កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងការផលិតសរុបចំនួន ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែចុងក្រោយនៃឆ្នាំ២០២៤។
របាយការណ៍បានបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមមានការកើនឡើងជាង ៧៨ ម៉ឺនតោន ដែលមានតម្លៃ ១.០៩២ លានដុល្លារ កើនឡើង ៣៦,៧ ភាគរយនៅក្នុងបរិមាណនិងការកើនឡើង ២៨,១ ភាគរយនៃតម្លៃ។